Friday, October 10, 2025

Articles by Rann Reuy

1 article found

[វិចារណកថា​​] សម្តី​អានុទី​ន​សាប​​​​​ដូចទឹក ក្នុង​​​​អំណាច​មាន​​ដែន​កំណត់​

[វិចារណកថា​​] សម្តី​អានុទី​ន​សាប​​​​​ដូចទឹក ក្នុង​​​​អំណាច​មាន​​ដែន​កំណត់​

នាយករដ្ឋមន្ត្រី​ថៃ​ លោក អានុទីន ចានវីរៈគុល (Anutin Charnvirakul) ​​ដែល​ឡើង​កាន់​អំណាច​​​​​​ដឹកនាំ​នីតិប្រតិបត្តិ​តាមរយៈ​​​កិច្ចសន្យា​ជាមួយគណបក្ស​ប្រឆាំង​ដោយ​សន្យា​រំលាយ​សភា​​​​ត្រឹមរយៈពេល​៤ខែ​នោះ ត្រូវ​បាន​គេ​កត់សម្គាល់​ថា ​​​​ពាក្យសម្តី​របស់​លោកគ្មាន​​​​ទម្ងន់​នយោបាយ​​ ខណៈ​រដ្ឋាភិបាល​របស់​លោក​គ្មាន​របៀប​វារៈ​នយោបាយ​អន្តរជាតិ​ជាក់​លាក់ ក្រៅ​ពី​​​​បង្ក​ជម្លោះ​ជាមួយកម្ពុជា​នោះទេ​​។ ​​ការ​ថ្លែង​​នានា​ជាសាធារណៈ​របស់​ លោក អានុទីន ខក​ខាន​​​​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​បណ្តាញ​សារ​ព័ត៌មាន​អន្តរជាតិ​នៅជុំវិញ​ពិភពលោក ដោយសារ​តែ​ខ្វះតម្លៃ​ព័ត៌មាន​ជា​​សកល​ ដោយ​សារ​តែ​​គិត​តែ​រឿង​តូច​តាច​​ក្នុងស្រុក ដែលធ្វើ​ឲ្យ​លោក អានុទីន​ ក្លាយ​ជានយោបាយ​រដ្ឋមន្ត្រី​ដែល​​​គ្មានទម្ងន់​នយោបាយ​​​​​អន្តរជាតិ​ឡើយ​។ ​ ​បន្ទាប់​ពី​​​​ប្រតិបត្តិការ​​​​ការងារ​​ពេញលេញ​ក្នុងនាម​ជានាយករដ្ឋមន្ត្រី​ចាប់តាំងពីថ្ងៃទី​១ខែ​​​តុលា បន្ទាប់​ពី​លោក​ បាន​ថ្លែង​​​គោល​នយោបាយ​​នៅក្នុងសភា​​នៅថ្ងៃទី​២៩​និង​ថ្ងៃទី​៣០ខែតុលា ហើយ សមាជិកសភា​ថៃ​​បាន​អនុម័ត​​នៅល្ងាច​ថ្ងៃទី​៣០​ខែ​តុលា។ ​​​ក្នុងការ​ថ្លែង​សារ​គោល​នយោបាយ​ទៅកាន់សភានោះ លោក អានុទីន បាន​មិនដែល​បាន​ធ្វើ​​ចំណាប់​អារម្មណ៍​ពាក់​ព័ន្ធ​កិច្ច​ការ​អន្តរជាតិសោះឡើយ​។ ​​អ្វីដែលអនុទីន​​​បង្ក​ឲ្យ​មានការចាប់អារម្មណ៍​នោះ គឺថាត្រង់​លោក​និយាយ​​​បង្ក​ជម្លោះ​ជាមួយកម្ពុជា ដើម្បី​​បង្កើន​ប្រជាប្រិយភាព​របស់​ខ្លួន​សម្រាប់​ការ​បោះឆ្នោត​​​មុន​អាណត្តិ​ដែល​គ្រោង​ទុក​សម្រាប់​​​ខែ​​មេសា​​ឆ្នាំ​២០២៦​។ ស្ថិតក្នុង​តំណែង​​នាយករដ្ឋមន្ត្រី​ដែល​អនុវត្ត​ការងារ​​ពេញលេញ​​រយៈពេល​ជាង​១សប្តាហ៍​នេះ លោក​ អានុទីន ចានវីរៈគុល ពិត​ជា​មិនបាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​​សារ​ព័ត៌មានល្បីៗ​របស់​អន្តរជាតិ ដោយសារកត្តា​​មួយ​​ចំនួន​​ដូច​ខាង​ក្រោម​​៖ កត្តា​លោក​អានុទីន​ផ្ទាល់៖ នាយករដ្ឋមន្ត្រី​ អានុទីន ចានវីរៈគុល ជាប់​ជានាយករដ្ឋមន្ត្រី​​ថៃ​ ដោយសារ​តែ​មានកិច្ចសន្យា​​នយោបាយ​​ជាមួយគណបក្ស​ប្រជាជន​ថៃ​ ដែល​ជា​បក្ស​ប្រឆាំង​ធំបំផុត ​ដោយ​សន្យា​ដឹកនាំ​ត្រឹមតែ​រយៈពេល​​៤ខែ​នោះ​ រួច​ហើយ​​ត្រូវ​រំលាយសភា​ដើម្បី​​រៀបចំ​ការ​បោះឆ្នោត​​ឡើងវិញ​នៅមុន​អាណត្តិ។ ​ការ​កាន់​កិច្ច​ការ​​​រយៈពេលខ្លី​នេះ លោក​អានុទីន មានរបៀប​វារៈនយោបាយ​ធ្វើតែកិច្ច​ការ​ផ្ទៃ​ក្នុង​ប្រទេសប៉ុណ្ណោះ ដូចជា ការ​ដោះស្រាយ​​គ្រោះធម្មជាតិ បញ្ហា​អសន្តិសុខ​​ ​ការស្តារ​​វិស័យសេដ្ឋកិច្ច និង​ការ​ដោះស្រាយ​​​​ជម្លោះ​ព្រំដែនជាមួយកម្ពុជា​។ ​ត្រឹមរយៈពេល​៤ខែ​ ពិតណាស់ ដោយ​លោក​ទាំង​​មិន​ដឹង​ខ្លួនឯង​ថា នឹង​មានវាសនាជាប់​ឆ្នោត​បន្ត​ឬ​អត់​ផងនោះ លោកត្រូវ​ប្រឹងប្រែង​​​និយាយ​ការ​ពារទឹកដី​ បង្កជម្លោះ​ដើម្បីធ្វើយ៉ាង​ណា​ឲ្យ​ប្រជាជន​ជន​ថៃ​​​ដែលជ្រុល​និយម​ងាក​មក​គាំទ្រ​លោក​ឲ្យបាន​ច្រើន ក្រែងមានវិសនាបន្ត​​កាន់​ទៅ​អាណត្តិក្រោយ​។ ​​ ​កត្តា​ពាក្យសម្តី​៖ ​​ជាទូទៅ​ សារ​ព័ត៌មាន​បរទេស​​ផ្តោត​​លើ​ ភាពពាក់​ព័ន្ធ​​​​​គ្នា​​​ក្នុង​​ភូមិសាស្ត្រនយោបាយ និងតម្លៃ​ព័ត៌មាន (News Value) ​ជា​ជាង​សម្តី​​​មេដឹកនាំ​​​ប្រទេសមួយ​ដែល​បាន​​​និយាយ​ «​ត្រឹមតែ​ឲ្យ​បាន​និយាយ​​​​​​»​។ ​​នៅ​ក្នុងន័យ​នេះ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចានវីរៈគុល ​មិនបាន​ផ្តោត​លើ​ខ្លឹមសារ​ទូលំទូលាយ​ ដែល​អាច​ឲ្យ​ពិភពលោក​​​មើល​ឃើញ​ពីតម្លៃ​​​នៃ​ពាក្យសម្តីដែល​កើត​ចេញពីការ​ពិចារណា​ឡើយ ប៉ុន្តែ​ការ​និយាយរបស់​​នាយករដ្ឋមន្ត្រី​​​ខ្ចីខែ​នេះ​ បាន​ត្រឹម​​​​បង្ក​​​អរិភាព​ជាមួយកម្ពុជាប៉ុណ្ណោះ។ សម្តី​មេដឹកនាំ​ថៃ​បែបមិនអាចយក​ជាការ​បាន ស្តែងឲ្យ​ឃើញ​​​ ពេលលោក​​ចុះ​ទៅ​​​​ខេត្តស៊ីសាកេត​កាល​ថ្ងៃទី​​៣ខែ​តុលា ដើម្បី​ជួប​​ប្រជាជន​ មន្ត្រីមូលដ្ឋាន និងក្រុមយោធា ដោយ​បានថ្លែងថា «នរណា​​ចង់​ឲ្យ​​បើក​ព្រំដែន នឹង​ត្រូវ​វាយដល់​ងាប់​ (Anyone who wants the border crossing opened will be beaten to death)» ជាដើម ដែលឆ្លុះ​បញ្ចាំ​ង​នូវ​​​​​រឿងអសីលធម៌​របស់មេដឹកនាំប្រទេស ​និង​ប្រៀបបាន​​ ការ​និយាយ​នោះ​ទៅ​នឹង ​«កូនក្មេង​​និយាយចំអកដាក់គ្នា»។ ​​កត្តាពេលវេលា៖ ជា​ទូទៅ​ ការ​ឡើង​កាន់​អំណាច​របស់​​​លោក​ អានុទីន ​ចានវីរៈគុល ​​កើត​ឡើង​​ចំពេល​ដែល​​មេដឹកនាំ​ពិភពលោក​ត្រៀម​សម្រាប់​ការ​ប្រជុំមហាសន្និបាត​​អង្គការ​សហប្រជាជាតិ​ ដែលមានបញ្ហា​ស្មុគស្មាញជាច្រើនត្រូវ​​ផ្តោត​​ការយក​ចិត្តទុកដាក់​និង​ផ្តល់ដំណោះស្រាយ។ ​ការ​ឡើងថ្លែង​​​គោលនយោបាយ​របស់​លោក អានុទីន ទៀត​សោត​ចំថ្ងៃ​ដែល​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​នានា​លើពិភពលោក ​បាន​ប្រមូលផ្តុំ​គ្នាក្នុង​កិច្ច​ប្រជុំ​​មហាសន្និ​បាត​អង្គការសហប្រជាជាតិ ​ចាប់តាំងពីដើមសប្តាហ៍​ថ្ងៃទី២៣ រហូតដល់​ថ្ងៃទី​២៩​ខែកញ្ញា ដោយ​​​​មាន​​បញ្ហា​ពិភពលោក​ជា​ច្រើនត្រូវ​ដោះស្រាយ ក្នុង​នោះ​​ មានសង្គ្រាម​នៅអ៊ុយក្រែន សង្គ្រាម​នៅមជ្ឈិមបូព៌ា ​ការ​ប្រែប្រួល​អាកាសធាតុ ជនអន្តោប្រវេសន៍ និង​ ការ​រត់ប្រណាំង​សព្វាវុធ​​ជាដើម។ ​ដូចនេះ ការ​ថ្លែង​អ្វី​​​ជា​ដំណោះស្រាយ​ក្នុងប្រទេសថៃ​របស់​លោក អានុទីន ត្រូវ​បាន​សារ​ព័ត៌មាន​អន្តរជាតិ​ រំលង​ចោល ដោយសារ​តែរបៀបវារៈឬ​ថា ខ្លឹមសារ​នោះ​វា​តូច​តាច​ពេក។ ​កត្តា​ឥទ្ធិពល​​នយោបាយ​​​សកល​​៖​ ​មាន​ការ​កត់សម្គាល់​ថា ​​សម្តី​របស់​​នាយករដ្ឋមន្ត្រីថៃ​​ទី​៣២ លោក អានុទីន ផ្តោត​​តែ​លើ​បញ្ហា​​ក្នុង​ប្រទេសប៉ុណ្ណោះ​ ដូចជា ​​ការ​​ជំរុញ​​សេដ្ឋកិច្ច​ងើប​ឡើង​វិញ​​ដោយ​ជំរុញ​ការ​ចំណាយ​របស់​ប្រជាជន​ ​ការ​ធ្លាក់ចុះ​​ការ​មកដល់​របស់​ភ្ញៀទេសចរ កំណែទម្រង់សុខាភិបាល ​និង​​ការ​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់​ក្រោម​ ដែលមិនឆ្លុះ​បញ្ចាំង​​​​គោលនយោបាយ​​​អន្តរជាតិ និង សន្តិសុខ​សាកល​ឡើយ​​។​ ដូចនេះ​​ ​តម្លៃព័ត៌មាន​​មិន​អាចឈានដល់កម្រិត​ដល់​ការី​និពន្ធ​​ ​​​(​ Editors) យក​ទៅ​ពិចារណា​​សម្រប់​ការ​ចេញផ្សាយ​នោះទេ។ ​សារ​ព័ត៌មានបរទេស​​​ជាទូទៅ​​ផ្តល់​អាទិភាព​​លើ​សេចក្តីថ្លែង​​​​​ទាំងឡាយ​ណា​ដែល​ពាក់​ព័ន្ធ​​​ដល់​ ការ​ផ្លាស់ប្តូរ​គោល​នយោបាយបរទេស ការ​ឆ្លើយ​តប​វិបត្តិ​​ ឬ​ក៏​ការ​ចង​​សម្ព័ន្ធ​មិត្ត​ដែល​ប៉ះពាល់​​​ឬ​មាន​ឥទ្ធិពល​​ដល់​ប្រទេស​ដទៃ។ កន្លងមក​នេះ ការ​ថ្លែងរបស់​លោក លោក អានុទីន ​ផ្តោត​តែ​លើ​បញ្ហា​ក្នុង​ប្រទេសថៃ​ប៉ុណ្ណោះ​​ ជា​ពិសេស​ពាក់​ព័ន្ធដល់​អភិបាល​កិច្ច​របស់​រដ្ឋាភិបាល​របស់​លោក ដោយ​មិនបាន​ឆ្លុះ​បញ្ចាំ​ង​ពី​​នយោបាយសកល​ទេ​។ ​សរុ​បសេចក្តីមក ការនិយាយរបស់​នាយករដ្ឋមន្ត្រី​ថៃ​ លោក អានុ​​ទីន ចានវីរៈគុល គឺ​​ផ្សព្វផ្សាយ​​តែ​​ក្នុងរង្វង់​អ្នកសារព័ត៌មានថៃ​ដែលសំដៅ​ដល់​ការ​ប៉ុនប៉ង​បញ្ឈឺ​​ចិត្ត​ថ្នាក់ដឹកនាំ​និង​ប្រជាជន​កម្ពុជា ប៉ុន្តែ​ប្រជាជន​កម្ពុជា​បាន​ដឹងច្បាស់​ពីចំណុច​ទាំងនេះ ហើយ​ក៏នឹកសង្វេគ​ថា «ហេតុអ្វី​​​​បាន​ជា​មេដឹកនាំថៃ​និយាយអ្វី និង​ សារព័ត៌មានថៃ​ផ្សព្វផ្សាយ​អ្វី​ខ្វះការ​ថ្លឹងថ្លែង​​បែបនេះ​?​»​៕