រញ្ជួយដីស្ងប់ តែប្រធានាធិបតីហ្វីលីពីន ចេញបញ្ជាជម្លៀសមនុស្សនិងបិទសាលារៀន
នៅព្រឹកថ្ងៃសុក្រទី១០ខែតុលាឆ្នាំ២០២៥ ប្រទេសហ្វីលីពីន បានជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់ឈានដល់ការទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ។ យ៉ាងណា ដ្បិតតែពេលនេះស្ថានការណ៍ធូរស្រាលនិងការព្រមានស៊ូណាមិត្រូវដកចេញវិញហើយក៏ពិតមែន ប៉ុន្តែប្រធានាធិបតីហ្វីលីពីន Ferdinand Marcos បានចេញបញ្ជាឲ្យជម្លៀសប្រជាជននៅតាមតំបន់ឆ្នេរសមុទ្រ នៅភាគកណ្តាលនិងខាងត្បូងប្រទេស ខណៈសាលារៀនមួយចំនួន ក៏ត្រូវបិទទ្វារផងដែរ។ តាមការផ្សាយរបស់ BBC, រញ្ជួយដីកម្រិត៧.៦រ៉ិចទ័រ បានវាយប្រហារកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន នាវេលាម៉ោង៩:៤៦នាទីព្រឹក ឈានដល់ការព្រមានអំពីរលកយក្សស៊ូណាមិកម្ពស់រហូតដល់៣ម៉ែត្រ ហើយឥទ្ធិពលរបស់វាក៏រាលដាលដល់ប្រទេសឥណ្ឌូណេស៊ី ឈានដល់ការព្រមានដូចគ្នា។ តាមរយៈបណ្តាញសង្គម Facebook, លោក Marcos បង្ហោះថា ត្រូវមានការជម្លៀសមនុស្សចេញពីតំបន់ឆ្នេរ ខណៈក្រុមស្វែងរកនិងជួយសង្គ្រោះ នឹងត្រូវដាក់ពង្រាយក្នុងពេលឆាប់ៗ។ ទន្ទឹមនោះ លោកជំរុញឲ្យប្រជាពលរដ្ឋទាំងអស់នៅតាមតំបន់ដែលរងគ្រោះ ត្រូវរើទៅកាន់ទីទួលសុវត្ថិភាពនិងនៅឲ្យឆ្ងាយពីឆ្នេររហូតដល់អាជ្ញាធរប្រកាសថាវាមានសុវត្ថិភាព។ នៅទីក្រុង Iloilo ភាគកណ្តាលប្រទេសហ្វីលីពីន សាលារៀនមួយចំនួនត្រូវផ្អាក ស្របពេលការងារនៅសាលាក្រុងក៏ត្រូវលុបចោលផងដែរ ដើម្បីអនុញ្ញាតឲ្យបុគ្គលិកទាំងឡាយ ទៅផ្ទះមើលក្រុមគ្រូសារនិងពិនិត្យផ្ទះសម្បែង។ សូមជម្រាបថា គ្រោះរញ្ជួយដីថ្ងៃសុក្រ កើតឡើងខណៈហ្វីលីពីន មិនទាន់ធូរស្បើយពីគ្រោះធម្មជាតិជាច្រើន ដែលបំផ្លិចបំផ្លាញផ្នែកខ្លះនៃប្រទេសនេះផង។ ជាក់ស្តែងកាលពីសប្តាហ៍មុន ការរញ្ជួយដីកម្រិត ៧រ៉ិចទ័រ បានវាយប្រហារទីក្រុងឆ្នេរសមុទ្រ Bogo ក្នុងខេត្ត Cebu ដោយសម្លាប់មនុស្ស ៧៤នាក់ និងរបួសជាង ៥០០នាក់៕ អត្ថបទ៖ សុខ សុវណ្ណ ចុចអាន៖ ឥណ្ឌូណេស៊ី ក៏ប្រកាសសញ្ញាព្រមានពីរលកយក្សស៊ូណាមិដែរ ក្រោយរញ្ជួយដីដ៏ខ្លាំងនៅហ្វីលីពីន
